កត្តាគំរាមកំហែងរបស់អណ្តើកសមុទ្រ

សាលាអន្ដរជាតិឡៃហ្គ័រ

ប្រធានបទ​:
ការសន្ទនាអំពីសត្វអណ្តើកសមុទ្រ
រៀបរៀងដោយ ៖ ក្រឹត ស៊ូយ៉េត
​​​​​ ​​ ថន វ៉េងហួរ
​​ ​​ ហ៊ាង ម៉ារ៉ាឌី
​​​​​ នួន សីុនឿនសំណាង

លោកគ្រូ៖ ណេន សុខា
អ្នកកែសម្រួល ៖ ឡេង ផល្លា

ឧបត្ថម្ភដោយ៖ អង្គការសត្វព្រៃ​ និងរុក្ខជាតិអន្តរជាតិ

ម៉ារ៉ាឌី: ចាស!នាងខ្ញុំម៉ារ៉ាឌី និងមិត្តរួមក្រុមសំណាង សូមជំរាបសួរ​ ដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ថ្ងៃនេះ ខ្ញុំមានអត្ថបទថ្មីមួយទៀតហើយ សម្រាប់ប្រិយមិត្តអ្នកស្តាប់ទាំងអស់គ្នា។

សំណាង: អ៊ីចឹង!ឥឡូវនេះយើងជួបជាមួយបងប្រុសវ៉េងហួរ និង​ បងស្រី​ស៊ូយ៉េត។ ជំរាបសួរបងទាំងពីរ!

វ៉េងហួរ​ និង ស៊ូយ៉េត: បាទ/ចាស+​ ជំរាបសួរ!​

វ៉េងហួរ: សូមជំរាបសួរ!​ ពុកម៉ែបងប្អូនទាំងអស់គ្នា។

ម៉ារ៉ាឌី: ចា៎!​ អ៊ីចឹង! តើបងអាចប្រាប់ខ្្ញុំនូវប្រធានបទថ្ងៃនេះបានអត់? ព្រោះប្រិយមិត្តអ្នកស្តាប់យើងកំពុងតែរងចាំស្ដាប់!

ស៊ូយ៉េត: ចា៎បង​!​ ប្រធានបទថ្ងៃនេះគឺទាក់ទងអំពី សត្វអណ្តើកសមុទ្រ។

សំណាង: ជាកិច្ចចាប់ផ្តើមសំណួរដំបូងទៅកាន់បងវ៉េងហួរគឺ តើសត្វអណ្តើកសមុទ្រនៅក្នុងពិភពលោក និងនៅប្រទេសកម្ពុជាយើងមានប៉ុន្មានប្រភេទដែរ?

វ៉េងហួរ: បាទ! ​នៅលើពិភពលោកយើងនេះគឺមានអណ្តើកសមុទ្រចំនួន ៧​ប្រភេទ ហើយនៅប្រទេសកម្ពុជាយើងគឺមានចំនួន ៥ប្រភេទ។

ម៉ារ៉ាឌី: អូ!​ នៅលើពិភពលោកមាន៧ ប្រភេទ ប៉ុន្តែនៅប្រទេសយើងមានដល់ទៅ៥ប្រភេទ! ពិតជាសំណាងណាស់ស្រុកយើង តើវាមានឈ្មោះអ្វីខ្លះទៅ?

ស៊ូយ៉េត: ចាសបង! គឺមានប្រភេទក្រាស់ ល្មិច​ ល្មិចព្រុយបី ល្មិចក្បាលធំ និង ល្មិចប្រផេះ។

សំណាង: អូ៎!​ តើយើងអាចសម្គាល់សត្វអណ្តើកសមុទ្រយ៉ាងដូចម្តេចដែរ?

ស៊ូយ៉េត: យើងអាចកត់សម្គាល់តាមរយៈស្រកាស្នូករបស់វា។​ ដូចអណ្តើកប្រភេទក្រាស ស្រកាស្នូករបស់វាមានក្រឡាត្រួតលើគ្នា។​ ប្រភេទក្រាស ក្បាលវាមានរាងស្រួចមានមាត់ដូចជាជំពុះសេក ស្រកាក្រឡាសងខាងស្នូកមានចំនួន​៤គូ ស្រកាក្រឡាផ្នែកក្បាលមានចំនួន ២គូ ស្រកានៅចំកណ្តាលស្នូកវាគឺមានចំនួន​៥​ និងដៃវាគឺមានដង្កៀប២។ សម្រាប់ល្មិច ស្រកាសងខាងស្នូករបស់វាគឺមានចំនួន៤គូ ស្រកានៅផ្នែកក្បាលគឺមាន២។ សម្រាប់ផ្នែកដៃរបស់វាគឺមានដង្កៀប១ ស្រកានៅចំកណ្តាលស្នូកគឺមានចំនួន៥ ហើយថ្គាមមានធ្មេញតូចៗដូចជា​​រណារ។

វ៉េងហួរ: រីឯល្មិចក្បាលធំវិញគឺ ស្នូកមានស្រកាក្រឡានៅខាងស្នូកមានចំនួន ៥គូ ស្រកាក្រឡាកណ្តាលស្នូកមានចំនួន ៥ ស្រកានៅផ្នែកខាងក្បាលមាន​ ២គូ។​ រីឯស្នូកផ្នែកបាតមានស្រកាក្រឡា ៣គូ និងផ្នែកដៃមានដង្កៀប​​ ២។​ ល្មិចព្រុយបីវាមិនមានស្នូកដូចប្រភេទអណ្តើកផ្សេងៗទេ ខ្នងរបស់វាមានលក្ខណៈជាស្បែក វាមានពណ៌ប្រផេះក្រម៉ៅ និងផ្នែកខ្មៅមានចំណុចសៗ។​ វាមានឆ្នូតនៅខាងខ្នងចំនួន ៥ ហើយផ្នែកបាតមានពណ៌ស និងមានស្នាមអុជខ្មៅៗ ផ្នែកដៃរបស់វាគឺគ្មានដង្កៀបទេ។​ល្មិចប្រផេះ ស្នូកស្រកាក្រឡានៅខាងស្នូករបស់វាគឺមានចន្លោះពី៥ ទៅ៩គូ ស្រកាក្រឡានៅកណ្តាលស្នូកមានចំនួន ៥ និង ស្រកានៅផ្នែកខាងក្បាលមាន ២គូ។​ សម្រាប់ផ្នែកដៃមានដង្កៀប១ និងស្នូកផ្នែកបាតមានស្រកាក្រឡាចំនួន ៤គូ។

សំណាង: អូ៎…….! បងពូកែចាំមែនទែន!

សំណាង: ទាក់ទងជាមួយចំណីអាហាររបស់វាវិញ! តើវាស៊ីអ្វីជាអាហារដែរ?

ស៊ូយ៉េត: ចាស! អណ្តើកសមុទ្រគឺវាសីុស្មៅសមុទ្រ ពពុះទឹក ស្ពុង ក្តាម ជាដើម ។

ម៉ារ៉ាឌី:​ អ៎!! ឡូយមែនទែន!

វ៉េងហួរ: តែពេលខ្លះវាសីុប្លាស្ទិកព្រោះវាច្រឡំថាជា ពពុះទឹក តែប្លាស្ទិក នឹងធ្វើឲ្យវាស្លាប់បាន​ ។

ម៉ារ៉ាឌី: គួរឲ្យស្រណោះណាស់!

ម៉ារ៉ាឌី: ចាសសំណួរបន្ត…. តើសត្វអណ្តើកសមុទ្រនៅកម្ពុជាយើងមានប៉ុន្មានក្បាលដែរ?

វ៉េងហួរ: សត្វអណ្តើកសមុទ្រនៅកម្ពុជាយើង ខ្ញុំមិនដឹងថាវាមានចំនួនប៉ុន្មានទេ ប៉ុន្តែខ្ញុំដឹងថាសត្វអណ្តើកសមុទ្រនៅកម្ពុជាយើងទាំងប្រាំប្រភេទនោះកំពុងរងគ្រោះថ្នាក់ជួបការគំរាមកំហែង និង ជិតផុតពូជ ។ មូលហេតុដែលសត្វអណ្តើកជិតផុតពូជ​ និង ជួបការគំរាមកំហែង​គឺ ដោយសារតែការនេសាទខុសច្បាប់ ប្រើប្រាស់ឧបករណ៍ឆក់​សន្ទូចរនង មង​ ការអូសអួនខុសច្បាប់ ការនេសាទបានដោយចៃដន្យបោះចោលសំរាមផ្តេសផ្តាស និង ការយក​សាច់មកបរិភោគ ។

សំណាង: គួរឲ្យស្តាយមែនទែន! បើសិនវាជិតផុតពូជអ៊ីចឹង! តើមានស្ថាប័នណាជួយការពារអត់?

វ៉េងហួរ: បាទ!​​ ក្នុងប្រទេសកម្ពុជាយើង រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសហការជាមួយ អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ ប្រចាំកម្ពុជា ហើយនឹងស្ថាប័នពាក់ព័ន្ធ ដទៃផ្សេងទៀត បាននឹងកំពុងធ្វើការជួយសង្គ្រោះ ព្រមទាំងអភិរក្សសត្វអណ្តើកសមុទ្រនៅក្នុងប្រទេសកម្ពុជាយើង ហើយ មិនមែនតែអណ្តើកសមុទ្រទេ សូម្បីតែសត្វសមុទ្រដទៃទៀតក៏ស្ថិតនៅក្នុងការការពារ និងអភិរក្សផងដែរ។

សំណាង: បាទអរគុណណាស់ថ្ងៃនេះ ខ្ញុំ​ ម៉ារ៉ាឌី​ និងប្រិយមិត្រទាំងអស់បានរៀ​នជាច្រើនទាក់ទងអំពីអណ្តើកសមុទ្រពីបងទាំងពីរនាក់។ ដោយសារពេលវេលាមានកំណត់…

ម៉ារ៉ាឌី:​ ដូច្នេះតើបងមានពាក្យពេចន៍ ចុងក្រោយប្រាប់ប្រជាជនកម្ពុជាដែរទេ?

ស៊ូយ៉េត: ចាស!​ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកស្តាប់ទាំងអស់គ្នា អរគុណប្អូនប្រុស និង ប្អូនស្រីដែលបានអញ្ជើញបងទាំងពីរនាក់មកចែករំលែកនូវប្រធានបទថ្ងៃនេះ ។​​ ហើយសូមសំណូមពរ ក៏ដូចជា​ ផ្តែផ្តាំដល់បងប្អូនឲ្យចេះស្រឡាញ់ ថែមទាំងជួយអភិរក្សប្រភេទសត្វដែលជិត​ផុតពូជទាំងអស់គ្នាជាពិសេសគឺអណ្តើកសមុទ្ររបស់យើង ។

វ៉េងហួរ: បាទ!​ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកស្តាប់ទាំងអស់គ្នា និង​ អរគុណប្អូនប្រុស និងប្អូនស្រីដូចគ្នា​ ហើយ​អរគុណដល់បងប្អូនដែលបានជួយការពារសត្វសមុទ្រនៅប្រទេសកម្ពុជាយើង ។

ម៉ារ៉ាឌី:​ ចា៎!​ ជាចុងក្រោយខ្ញុំុសូមអរគុណពុកម៉ែបងប្អូនទាំងអស់អរគុណជាពិសេសចំពោះអង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិប្រចាំនៅកម្ពុជាដែលជួយឧបត្ថម្ភដល់សាលាអន្តរជាតិឡៃហ្គ័រ ។ ដូចច្នេះកម្មវិធីរបស់ពួកខ្ញុំក៏ដល់ទីបញ្ចប់ ហើយសូមជូនពរ​ឲ្យបងប្អូនទាំងអស់ជួបតែសេចក្តីសុខ និងធ្វើការបានសម្រេច​គ្រប់ក្រុមគ្រួសារ​ ។ចាសសូមអរគុណ សូមជំរាបលា ។

Leave a Reply

Your email address will not be published. Required fields are marked *